វគ្គសិក្សារដ្ឋបាលកីឡា តាមរយ:ជំនួយរបស់អង្គការសាមគ្គីអូឡាំពិក (OS) គណ:កម្មា ធិការជាតិអូឡាំពិកម្ពុជា(NOCC)បានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តី ពាក់ព័ន្ធនឹងវិស័យ
កីឡានៅខេត្តបាត់ដំបងម្តង និងជាគម្រោងចុងក្រោយដែលអនុវត្តនៅតាមរាជធានី ខេត្ត
នៃឆ្នាំ ២០១២។
មន្រ្តីគ្រប់គ្រោងវគ្គសិក្សាបានឲ្យដឹងថា ខេត្តបាត់ដំបងជាខេត្តចុងក្រោយគេ ដែលទទួលបាននូវវគ្គសិក្សាបែបខាងលើ ក្រោយពី គម្រោងខាងដើមបានអនុវត្តរួចហើយនៅខេត្តចំនួន២រួចមក តាមរយ:ជំនួយរបស់អង្គការសាមគ្គីអូឡាំពិក ដែលមាន NOCC ជាអ្នក អនុវត្តគម្រោង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ធ្វើបទបង្ហាញដល់សិក្ខាកាម
លោក ឈួន ឡេង អនុប្រធាននាយកដ្ឋានរដ្ឋបាល NOCC និងជាអនុប្រធានវគ្គនេះ បាន មានប្រសាសន៍ថា «ដូចនៅខេត្តផ្សេងៗទៀត ដែរវគ្គដែលធ្វើនៅខេត្តបាត់ដំបង មានសិក្ខាកាម ចូលរួមចំនួន២៦នាក់ មកពីផ្នែកពាក់ព័ន្ធនឹងការងារកីឡារបស់ មន្ទីរអប់រំយុវជន និង កីឡាខេត្ត និងជាខេត្តចុងក្រោយគេលើការអនុវត្តគម្រោងរបស់ OS ក្នុងឆ្នាំនេះ»។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា« ក្នុងឆ្នាំនេះ NOCC បានទទួលជំនួយជាវគ្គដូចខាងលើបាន ចំនួន ៣ដង រាប់ទាំងវគ្គនេះផង ដោយលើកទី១ធ្វើនៅខេត្តព្រះវិហារ លើកទី២នៅខេត្តបន្ទាយមានជ័យ និងលើកនេះធ្វើនៅខេត្តបាត់ដំបង »។

សិក្ខាកាមក្នុងវគ្គសិក្សារដ្ឋបាលនៅខេត្តបាត់ដំបង
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា« ក្រៅពីនេះ NOCC នៅបានទទួលជាវគ្គសិក្សាបច្ចេកទេស គ្រូជំនាញមួយឆ្នាំៗបាន៣ ទៅ៤វគ្គ ផងដែរ ដូចជាក្នុងឆ្នាំនេះ NOCC បានបើកវគ្គហ្វឹកហ្វឺនគ្រូជំនាញលើប្រភេទកីឡាចំនួន៤គឺ ហុកគី កាយសម្ព័ន្ធ តេក្វាន់ដូ និងអត្តពល កម្ម តាមរយ:ជំនួយជាហិរញ្ញវត្ថុពី OS និងគ្រូជំនាញមកពីសហព័ន្ធអន្តរជាតិ។ រាល់ជំនួយរបស់OS បានតែលើប្រភេទ កីឡាអូឡាំពិក តែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា វគ្គនេះមានគ្រូឧទ្ទេសនាមចំនួន៣នាក់គឺ លោក វ៉ាត់ ចំរើន លោក បឹង កឹមតោ និងលោកវេជ្ជបណ្ឌិត ស្តើង ជា ។
វគ្គសិក្សាបានចាប់ផ្តើមពីថ្ងៃទី១ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០១២ ៕
Social Network