ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិ
អូឡាំពិកកម្ពុជា (NOCC) ដែលទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់
ប្រាក់រង្វាន់ដល់ជ័យលាភីដែលទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
លើកទី៦ នៅប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែធ្នូ ឆ្នាំ២០១១។ពិធីនេះបានប្រព្រឹត្តទៅកាល
ពីថ្ងៃទី១២ ខែមេសា នៅទីស្នាក់ការ NOCC ។
ឯកឧត្តមថោង ខុន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏ដូចជាគ្រូបង្វឹកកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យជម្នះជូនជាតិ។
ឯកឧត្តមបានលើកឡើងទៀតថា ជនពិការក៏មានសមត្ថភាពធ្វើអ្វីៗបានដូចអ្នកដែលមិនពិការបានដូច គ្នា ជាក់ស្ដែងដូចជាក្រុមកីឡាករជនពិការនាពេលនេះអ៊ីចឹងដែលបានដណ្ដើម យកមេដាយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៦ រហូតទៅដល់២១ដោយរួមមានមេដាយមាសចំនួន២ ប្រាក់៧ និងសំរឹទ្ធ១២។
ឯកឧត្តមបានធ្វើការផ្តាំផ្ញើថា៖ «កីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំបន្តការហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើមជ័យជម្នះជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអន្តរជាតិផ្សេងៗ ឲ្យដូចនឹងពាក្យស្លោក រឹងមាំទាំងកាយ និងរឹងមាំទាំងចិត្ត»។
ដោយឡែកឯកឧត្តមយី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «សម្រាប់កីឡាករ កីឡាការិនីពិការដែលឈ្នះមេដាយពីព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី៦នេះមានចំនួន១០នាក់ដែលក្នុងនោះមានកីឡាការិនី ម្នាក់ និងគ្រូបង្វឹក៨នាក់ ហើយ នេះជាប្រាក់រង្វាន់ដែលផ្តល់ជូនតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល»។គ្រូបង្វឹក ពួកគាត់ទទួលបានប្រាក់រង្វាន់ស្មើជ័យលាភីដែលទទួលបានចំណាត់ថ្នាក់ មេដាយខ្ពស់ជាងគេក្នុងវិញ្ញាសាដែលខ្លួនទទួលបន្ទុកជាគ្រូបង្វឹក ហើយចំពោះគ្រូជំនួយបានទទួលប្រាក់តិចជាង៣០ភាគរយនៃចំនួនប្រាក់ សរុបរបស់គ្រូបង្វឹក។
លោក ម៉ៅ សុជា ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ការចំណាយសម្រាប់ប្រាក់រង្វាន់ដល់កីឡាករ-ការិនី គ្រូបង្វឹក គ្រូជំនួយ ដែលត្រូវផ្តល់ជូនតាមអនុក្រឹត្យមានចំនួនទឹកប្រាក់សរុប៣៩២លាន រៀល។ កីឡាការិនី ធិន សេងហុង ពិការជើងក្រោមជង្គង់(T44)ទទួលបានប្រាក់ចំនួន៥៦លានរៀលដែលជា ចំនួនខ្ពស់ជាងគេ ពីព្រោះកញ្ញាដណ្តើមបានមេដាយមាស១ និងមេដាយប្រាក់២។
យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ អ្នកដែលឈ្នះមេដាយមាសទទួលបានប្រាក់ចំនួន ២៤លានរៀល មេដាយប្រាក់ទទួលបាន១៦លានរៀល និងមេដាយសំរឹទ្ធបាន៨លានរៀល។
គួររំលឹកដែរថា ក្រៅពីប្រាក់រង្វាន់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ក៏បានផ្តល់ថវិកាជំនួយចំនួន ៧៤ ២៧៣ ដុល្លារអាមេរិក និងថវិកាលើកទឹកចិត្តបន្ថែមលើប្រាក់ជ័យលាភីចំនួន ៣២ ០០០ដុល្លារអាមេរិក។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឧបត្ថម្ភចំនួន៤៨០០ដុល្លារ។ លោក ឆឹង វ៉ាន់ថូ ទីប្រឹក្សាប្រធានព្រឹទ្ធសភា បានជួយឧបត្ថម្ភ១ ៨៦៧ដុល្លារអាមេរិកដោយរាប់បញ្ចូលទាំងថ្លៃសំបុត្រយន្តហោះទៅមក ផងដែរ៊
គួរបញ្ជាក់ថា លោក ជឹម ផាន ពិការក្រោមជង្គង់ (T44) ដែលធ្លាប់ដណ្តើមមេដាយមាស និងប្រាក់រង្វាន់ច្រើនជាងគេ ទទួលបានប្រាក់ចំនួន៣២លានរៀល លើការដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២។
កីឡាករ ហ៊ុន ប៊ុនទិត្យ ពិការក្រោមកែងដៃ (T46) ទទួលបានទឹកប្រាក់១៩លានរៀល កីឡាករ អ៊ឹន ចេក ពិការក្រោមកែងដៃ (T46) ទទួលបានចំនួន១៦លានរៀល កីឡាករ ញ៉ាក់ គឹមហោ ពិការក្រោមជង្គង់ (T44) ទទួលបាន៣២លានរៀល កីឡាករ គឹម វណ្ណា ពិការក្រោមជង្គង់ (T44) ទទួលបាន២៤លានរៀល កីឡាករ វ៉ែន វ៉ុន ពិការជើង(T53) ទទួលបាន៣២លានរៀល កីឡាករ កន កាន ពិការក្រោមជង្គង់ (S7,8) ទទួលបាន១៦លានរៀល កីឡាករ ឈឹម ទាត់ ពិការក្រោមជង្គង់ (S9,10) ទទួលបាន២៤លានរៀល និងនាង សារ៉ន ពិការក្រោមជង្គង់ (T44) ទទួលបាន៨លានរៀល។
ចំណែកលោកគ្រូបង្វឹក និងគ្រូជំនួយចំនួន៨នាក់ បានទទួលប្រាក់រង្វាន់តាមអនុក្រឹត្យចំនួន១៣២លានរៀល ក្នុងនោះលោក ផៃ សុខ (គ្រូបង្វឹកអត្តពលកម្ម) បានចំនួន២៤លានរៀល លោក អ៊ន សុខអេង (គ្រូជំនួយអត្តពលកម្ម) បានទទួល១៦លាន៨សែនរៀល លោកឡាក់ ឡុច (គ្រូបង្វឹកអត្តពលកម្ម និងដុំដែក) ទទួលបាន២៤លានរៀល លោក ម៉ៅ សុជា (គ្រូជំនួយអត្តពលកម្ម និងដុំដែក) បានចំនួន១៦លាន៨សែនរៀល លោកម៉ៅ វណ្ណី (គ្រូបង្វឹកកីឡាប្រណាំងរទេះ) បានទទួល១៦លានរៀល លោកតាន់ គឹមសាន (គ្រូជំនួយកីឡាប្រណាំងរទេះ) ទទួលបាន១១លាន២សែនរៀល លោក ហែម លំផាត់ (គ្រូបង្វឹកកីឡាហែលទឹក) បានទទួល១៦លានរៀល និងលោក យី សុភត្រា (គ្រូជំនួយកីឡាហែលទឹក) បានទទួលទឹកប្រាក់១១លាន២សែនរៀល។
បណ្តាញសង្គម